វិធីដ៏ប្រសើរបំផុតមួយដែលអ្នកអាចការពារខ្លួនឯងពីការវិវឌ្ឍន៍នៃជំងឺមហារីកមាត់ស្បូនបាន
គឺការទៅធ្វើតេស្តពិនិត្យមាត់ស្បូន ត្រឹមតែ៥ឆ្នាំម្តងប៉ុណ្ណោះ។
តាមពិត មហារីកមាត់ស្បូនគឺជាជំងឺមហារីកមួយដែលអាចការពារបានច្រើនជាងគេបំផុត។
វីរុសដែលបង្ករឡើងស្ទើរតែគ្រប់ករណីទាំងអស់ គឺ ជាវីរុសHuman Papillomavirus
ដែលអាចរកឃើញជាមួយនឹងការធ្វើតេស្តពិនិត្យមាត់ស្បូន។
វីរុសHuman Papillomavirus
ត្រូវបានគេស្គាល់ផងដែរថាជា HPV គឺជាការឆ្លងទូទៅមួយ។
មនុស្សភាគច្រើនមិនដឹងខ្លួនថាមានវីរុសនេះទេ
ហើយជាធម្មតាវាបាត់ទៅវិញដោយខ្លួនឯង។
ជួនកាល ប្រសិនបើវាមិនបាត់ទៅវិញទេ
ការឆ្លងវីរុសHPV អាចបង្កឱ្យមានការប្រែប្រួលកោសិកានៅក្នុងមាត់ស្បូន
ដែលអាចវិវឌ្ឍន៍ទៅជាមហារីក។
ការប្រែប្រួលទាំងនេះអាចត្រូវបានត្រួតពិនិត្យ ឬព្យាបាលបាន
ប្រសិនបើHPVត្រូវបានគេរកឃើញនៅក្នុងដំណាក់កាលដំបូង ដោយការធ្វើតេស្តពិនិត្យមាត់ស្បូន។
ជាង៧០ភាគរយនៃប្រជាជនដែលកើតជំងឺមហារីកមាត់ស្បូននៅក្នុងប្រទេសអូស្រ្តាលី
មិនធ្លាប់ធ្វើការពិនិត្យ ឬមិនបានពិនិត្យជាទៀងទាត់ទេ។
ដូច្នេះ ការការពារដ៏ប្រសើរបំផុតរបស់អ្នក គឺការទៅធ្វើតេស្តពិនិត្យមាត់ស្បូនជាទៀងទាត់
សូម្បីតែអ្នកបានចាក់វ៉ាក់សាំងHPVរួចហើយក៏ដោយ។
វ៉ាក់សាំងការពារបានខ្លះ
ប៉ុន្តែមិនការពារHPVបានគ្រប់ប្រភេទនោះទេ ដែលអាចនាំឱ្យកើតមហារីកមាត់ស្បូនបាន។
ដើម្បីទៅធ្វើតេស្តពិនិត្យមាត់ស្បូន
អ្នកនឹងត្រូវធ្វើការណាត់ជួប ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។
មនុស្សជាច្រើនធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់ពួកគេ
ប៉ុន្តែក៏មានជម្រើសផ្សេងៗទៀតផងដែរ ដូចជា គ្លីនីកសុខភាពស្រ្តី
គ្លីនីកផែនការគ្រួសារ និង សេវាកម្មវេជ្ជសាស្រ្តជនជាតិដើម។
អ្នកមានជម្រើសពីរ នៅពេលប្រមូលសំណាក
សម្រាប់ការធ្វើតេស្តពិនិត្យមាត់ស្បូនរបស់អ្នក។
ជម្រើសទី១របស់អ្នកគឺ ឱ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកធ្វើឱ្យអ្នក
ដោយប្រើឧបករណ៍បើកទ្វារមាសនិងជក់។
ជម្រើសទី២របស់អ្នកគឺ ធ្វើវាដោយខ្លួនឯង ដោយប្រើប្រដាប់ត្បារធម្មតាមួយ។
នេះហៅថាជាការប្រមូលសំណាកដោយខ្លួនឯង
ហើយវាអាចធ្វើបានសម្រាប់មនុស្សភាគច្រើនដែលដល់ពេលត្រូវធ្វើតេស្តពិនិត្យមាត់ស្បូនរបស់ពួកគេ។
ប្រសិនបើអ្នកជ្រើសរើសប្រមូលសំណាកដោយខ្លួនឯង អ្នកនឹងទទួលបានជំនួយ
ពីអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បី ប្រាកដថាអ្នកយល់ពីរបៀបធ្វើ
ដែលអ្នកមានអារម្មណ៍ថាសុវត្ថិភាពនិងស្រណុកចិត្ត
ហើយអ្នកនឹងមានលក្ខណៈឯកជនគ្រប់គ្រាន់។
ពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីជម្រើសដែលប្រសើរបំផុតសម្រាប់អ្នក។
ជម្រើសទាំងពីរមានសុវត្ថិភាពនិងផ្តល់ភាពត្រឹមត្រូវក្នុងការធ្វើតេស្តរកវីរុសHPV។
សំណាករបស់អ្នកនឹងផ្ញើទៅមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តរកមើលវីរុសHPV។
ប្រសិនបើគេរកមិនឃើញមានវីរុសHPVទេ
ការធ្វើតេស្តពិនិត្យមាត់ស្បូនរបស់អ្នកលើកក្រោយនឹងកំណត់ធ្វើក្នុងពេល៥ឆ្នាំទៀត។
ប្រសិនបើលទ្ធផលតេស្តរបស់អ្នកបង្ហាញថាមានវីរុសHPV
អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងប្រាប់អ្នក។
ពួកគេនឹងសុំឱ្យអ្នកត្រឡប់មកវិញដើម្បីជួបជាមួយពួកគេ ឬអ្នកឯកទេស
ដែលនឹងត្រូវពាក់ព័ន្ធនឹងការធ្វើតេស្តបន្ថែមទៀត។
នេះគឺជាវិធីប្រសើរបំផុតដើម្បីការពារមហារីកមិនឱ្យវិវឌ្ឍន៍ឡើង។
ដូច្នេះ តើវាដល់ពេលដែលអ្នកត្រូវកក់ទុកការណាត់ជួបធ្វើតេស្តពិនិត្យមាត់ស្បូនហើយឬនៅ?
ប្រសិនបើអ្នកជាស្រ្តីម្នាក់ ឬបុគ្គលម្នាក់ដែលមានស្បូន
ប្រសិនបើអ្នកអាយុចន្លោះពី ២៥ និង ៧៤ឆ្នាំ
ប្រសិនបើអ្នកធ្លាប់មានសកម្មភាពផ្លូវភេទណាមួយ
ហើយសូម្បីតែអ្នកបានចាក់វ៉ាក់សាំង HPVហើយក៏ដោយ
នោះអ្នកគួរតែធ្វើតេស្តពិនិត្យមាត់ស្បូនរបស់អ្នក
រៀងរាល់៥ឆ្នាំម្តងដើម្បីការពារខ្លួនអ្នកពីជំងឺមហារីកមាត់ស្បូន។
ការចុះបញ្ជីពិនិត្យជំងឺមហារីកថ្នាក់ជាតិ
នឹងផ្ញើលិខិតក្រើនរំលឹកមួយច្បាប់ឱ្យអ្នកនៅពេលអ្នកដល់ពេលត្រូវពិនិត្យ។
អ្នកក៏អាចសួរទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកថា អ្នកដល់ពេលកំណត់នៅពេលណាផងដែរ
ឬអ្នកអាចពិនិត្យការចុះបញ្ជីនេះតាមរយៈ គណនីMyGov របស់អ្នក។
ចូលទៅកាន់៖ www.health.gov.au/NCSP
សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីពិនិត្យមាត់ស្បូនថ្នាក់ជាតិ។