ចាប់ពីថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2024 វេជ្ជបញ្ជារយៈពេល 60 ថ្ងៃអាចរកបានសម្រាប់ឱសថស្ទើរតែ 300 មុខដែលចុះក្នុងបញ្ជីគម្រោងការជំនួយផ្នែកឱសថ ឬ PBS។
អ្នកជំនាញសុខភាពអាចចេញវេជ្ជបញ្ជារយៈពេល 60 ថ្ងៃសម្រាប់ការផ្គត់ផ្គង់ឱសថទាំងនេះ ប្រសិនបើពួកគេគិតថាវាសមស្របនឹងស្ថានភាពសុខភាពរបស់អ្នក។
ក្នុងករណីជាច្រើន វេជ្ជបញ្ជារយៈពេល 60 ថ្ងៃមានន័យថាអ្នកអាចទិញឱសថក្នុងតម្លៃសម្រាប់រយៈពេល 60 ថ្ងៃ ពីវេជ្ជបញ្ជាតែមួយ។
ជាមួយនឹងវេជ្ជបញ្ជារយៈពេល 60 ថ្ងៃ អ្នកនឹងមិនចាំបាច់ទៅជួបវេជ្ជបណ្ឌិតរបស់អ្នកដើម្បីបន្តវេជ្ជបញ្ជារបស់អ្នកជាញឹកញាប់ ឬអញ្ជើញទៅឱសថស្ថានជាញឹកញាប់នោះទេ។
វានឹងជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយថ្លៃធ្វើដំណើរសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល។
វាក៏នឹងឱ្យអ្នកជំនាញសុខភាពមានពេលសម្រាប់ការណាត់ជួបបន្ទាន់បន្ថែមទៀតផងដែរ។
ប្រាក់ដែលបានរដ្ឋាភិបាលសន្សំបានពីការផ្លាស់ប្តូរនេះកំពុងត្រូវបានវិនិយោគឡើងវិញទៅក្នុងឱសថស្ថានសហគមន៍នានា។
ដើម្បីពិនិត្យមើលថាតើឱសថរបស់អ្នកមានចុះក្នុងបញ្ជីសម្រាប់វេជ្ជបញ្ជារយៈពេល 60 ថ្ងៃឬអត់ សូមចូលទៅកាន់គេហទំព័រ health.gov.au/cheapermedicines ហើយពិគ្រោះជាមួយអ្នកជំនាញសុខភាពរបស់អ្នក ដើម្បីឱ្យបានដឹងថាវាត្រឹមត្រូវសម្រាប់អ្នកឬអត់។